ហេតុអ្វីព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត
ដោយ ៖ ច័ន្ទ រស្មី
ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង
២០:១៣ (08-09-2016 20:13)
ខេត្តសៀមរាប ៖
សាកល្បងពិចារណាតាមបែបបុរាណវិទ្យា និងតារាសាស្ត្រ តាមការព្យាករណ៍ទុក
នៅព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ
នាវេលាប្រមាណចាប់ម៉ោង៥ទៅ៦ព្រឹក
យើងនឹងឃើញព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃអង្គរវត្ត។
ហេតុការណ៍នេះតែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ
និងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យ
ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។
ហេតុអ្វីមានព្រឹត្តិការណ៍បែបនេះកើតឡើង? តើជាព្រឹត្តការណ៍មានពាក់ព័ន្ធអ្វីនឹងសំណង់ស្ថាបត្យកម្មអង្គរវត្ត?
តទៅនេះគឺជាការពិចារណាដោយផ្អែកទៅលើចំណេះផ្នែកបុរាណវិទ្យា
និងតារាសាស្ត្រដែលពន្យល់ដោយលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា
និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ
នៃអាជ្ញាធរជាតិអប្សរា។ ជាដំបូង លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា
ចំណេះដឹងដែលសិក្សាអំពីព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះ
មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សា
ដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។
បទសិក្សានោះ
គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ
ដើម្បីបញ្ជាក់ថាវាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ
តែនេះជាការដឹងជាមុនផ្នែកតារាសាស្ត្រនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។
ដើម្បីយល់ពីរឿងនេះ លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា
ជាដំបូងគេត្រូវសិក្សាពីទម្រង់នៃចក្រវាឡទូទៅ
ហើយធៀបនឹងស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត។
អ្នកប្រាជ្ញបុរាណ
បានរៀបចំអង្គរវត្តស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាទ្ប
នៅលើផែនដីតាមទម្រង់រូបវន្ត ដូចជាការរៀបចំឲ្យមានមហាសមុទ្រ
និងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំង៤នៅក្នុងចក្រវាទ្ប
និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍របស់ចក្រវាទ្បជាដើម។
បើយើងយកចំណុចក្រោយនេះមកពិចារណា តាមរយៈក្បួនតារាសាស្ត្ររបស់ឥណ្ឌា
អំពីអាយុកាលរបស់ចក្រវាឡ ដែលមានបែងចែកជា៤យុគបន្តបន្ទាប់គ្នា។
យុគគឺជាវដ្តសង្សារនៃចក្រវាឡទាក់ទងនឹងការកើតវិវត្តន៍ និងបាត់បង់ទៅវិញ។
ចន្លោះនៃយុគនីមួយៗមានអន្តរកាលមួយ
ទើបកើតជាយុគថ្មីមួយទៀត។ មួយវដ្តនៃចក្រវាឡមាន៤យុគ ដែលស្មើនឹង៤,៣២០,០០០ឆ្នាំមនុស្សនៅលើផែនដី
ស្មើនឹង១២,០០០ឆ្នាំទិព្យប្រើនៅលើឋានសួគ៌
(១ឆ្នាំទិព្យឬសួគ៌ស្មើនឹង៣៦០ឆ្នាំមនុស្សនៅលើផែនដី)។
មួយវដ្តនៃយុគនេះហៅថា មហាយុគ១។ រយៈពេល២,០០០មហាយុគស្មើនឹងកល្ប១
ហើយស្មើនឹង១យប់១ថ្ងៃរបស់ព្រះព្រហ្ម ដែលត្រូវស្មើនឹង៨,៦៤០,០០០,០០០ឆ្នាំមនុស្ស។
មហាយុគចែកជា៤យុគតូចៗ ដូចមានខាងក្រោម ៖
១.ក្រឹត្យយុគ (យុគមាស) មានអាយុកាល១,៧២៨,០០០ឆ្នាំមនុស្ស ស្មើនឹង៤,៨០០ឆ្នាំទិព្យ។ នាយុគនេះ មនុស្សលោកមានអាយុវែងៗ និងមានសេចក្តីសុខបរិបូរណ៍។ ២. ត្រេតយុគ (យុគប្រាក់) មានអាយុកាល ១,២៩៦,០០០ឆ្នាំមនុស្ស ស្មើនឹង ៣៦០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះមានអាយុវែងមធ្យម និងមានសេចក្តីសុខច្រើន។ ៣. ទ្វាបរយុគ (យុគចំនួនលេខគត់គូ) មានអាយុកាល៨៦៤,០០០ឆ្នាំមនុស្ស ស្មើនឹង២,៤០០ឆ្នាំទិព្យ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរ និងមានសេចក្តីសុខមធ្យម។
៤.កលិយុគ (យុគប្រកបដោយទោស
ប្រកបដោយជម្លោះ) មានអាយុកាល៤៣២,០០០ឆ្នាំមនុស្ស ស្មើនឹង១,២០០ឆ្នាំទិព្យ។
មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើន និងមានសេចក្តីសុខតិចតួច។
យុគនេះបានចាប់ផ្តើមហើយតាំងពីឆ្នាំ៣,១០៣មុនគ.ស.។
ទន្ទឹមនឹងនេះ តាមក្បួនតារាសាស្ត្រឥណ្ឌា
គេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះច័ន្ទ និងព្រះអាទិត្យ
ទើបកើតមានជាចន្ទគតិ និងសុរិយគតិ។ ក្នុងដំណើរមួយគោចររបស់ព្រះអាទិត្យនេះ
មួយឆ្នាំត្រូវបែងចែកជា២ដំណើរគឺចំនួន១៨៩ថ្ងៃ និងចំនួន១៧៦ថ្ងៃ។
ដោយសារអង្គរវត្តមានទាក់ទងនឹងវដ្តសង្សាររបស់ចក្រវាទ្ប
នោះតួលេខនៃអាយុកាលរបស់យុគនីមួយៗ
ទាក់ទងទៅនឹងទំហំប្រវែងនៃរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត
ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។ លោក អ៊ឹម សុខរិទ្ធី
បានពន្យល់តាមរយៈលទ្ធផលនៃស្រាវជ្រាវនោះ ថាខ្នាតដែលស្ថាបត្យករ
និងវិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែងរបស់ហត្ថមិនដូចគ្នាទាំងអស់តាមជំនាន់រាជការនីមួយៗទេ។
ពោលគឺ សម័យអង្គរវត្ត រាជការប្រើខ្នាតរបស់ហត្ថមានប្រវែងស្មើ០,៤៣៦ម៉ែត្រ។
តាមខ្នាតនេះ
យើងអាចស្វែងយល់បានអំពីប្រវែងរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្តដូច្នេះ៖
១.ចម្ងាយស្ពានហាលឆ្លងកសិន្ធុនៅមុខអង្គរវត្តមានប្រវែង៤៣៩,៧៨ហត្ថ
២.ចម្ងាយរានហាលចាប់ពីគុកតារាជ្យដល់ថែវទី២ប្រវែង៨៦៧,០៣ហត្ថ
៣.ចម្ងាយពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន្តប្រវែង១២៩៦,០៧ហត្ថ ៤.ចម្ងាយពីមុខនាគដល់ប្រាង្គកណ្តាលបាកានប្រវែង១៧៣៤,៤១ហត្ថ ៥.
រចនាសម្ព័ន្ធនៅជាន់បាកានដែលមានប្រាង្គប្រាំសាងទ្បើងកាត់កែងគ្នា
ដែលមានប្រវែងលិច-កើតចំនួន១៨៩ហត្ថ និងជើងត្បូងប្រវែង១៧៦,៣៧ហត្ថ។
បើបូកចំនួនទាំងពីរ
គឺសរុបបានចំនួន៣៦៥,៣៧ហត្ថ។
បើយើងលើកលែងការឃ្លៀងឃ្លាតខ្លះដោយចេតនា ដែលជាទំនៀមរបស់ជាងចេញ
និងការបំពេញបង្គ្រប់ព្រមទាំងកាត់ចំនួនសេសសល់ចេញ
តម្រូវឲ្យចំនួនគត់មកវិញ
នោះយើងនឹងអាចយល់បានអំពីទំនាក់ទំនងនៃប្រវែងរចនាសម្ព័ន្ធសំខាន់របស់អង្គរវត្ត
ទៅនឹងអាយុកាលរបស់យុគនៃវដ្តសង្សារបស់ចក្រវាឡ។
ទំនាក់ទំនងនោះ អាចសង្ខេបមកដូច្នេះ ៖
ទី១.ចម្ងាយដំណើរលើស្ពានហាល អាចប្រមាណនឹងអាយុកាលរបស់កលិកយុគ
ដែលមានរយៈពេល៤៣២,០០០ឆ្នាំ
ទី២.ចម្ងាយដំណើរពីគុកតារាជ្យដល់ថែវទី២
អាចប្រមាណនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល៨៦៤,០០០ឆ្នាំ ទី៣.ចម្ងាយដំណើរពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន
អាចប្រមាណនឹងអាយុកាលរបស់ត្រេតយុគ ដែលមានរយៈពេល១,២៩៦,០០០ឆ្នាំ ទី៤.ចម្ងាយដំណើរពីមុខនាគដល់ប្រាង្គកណ្តាលបាកាន
អាចប្រមាណនឹងអាយុកាលរបស់ក្រឹត្យយុគ ដែលមានរយៈពេល១,៧២៨,០០០ឆ្នាំ ទី៥.រីឯប្រវែងនៅជាន់បាកានដែលមានសំណង់កាត់កែងគ្នា
សរុបគឺ៣៦៥ហត្ថ ដែលរោងទងកាត់កែងលិច-កើតមាន១៨៩ហត្ថ
និងរោងទងជើង-ត្បូងមាន១៧៦ហត្ថ
នោះវាត្រូវនឹងដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល៣៦៥ថ្ងៃក្នុងមួយឆ្នាំ
ដែលវិស័យតារាសាស្ត្រចែកជាពីរដំណើរគឺ១៨៩ថ្ងៃ និង១៧៦ថ្ងៃ។
តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរដូច្នេះ? ហើយមានពាក់ព័ន្ធនឹងអង្គរវត្?ត លោក អ៊ឹម សុខរិទ្ធីពន្យល់តាមក្បួនតារាសាស្ត្រថា
ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ។
ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់
និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះគឺ
នៅពេលដែលព្រះអាទិត្យគោចរបាន១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ឬ២១
ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ឬ២២
ខែកញ្ញា។
តាមក្បួនតារាសាស្ត្រសម័យទំនើប
ហៅបាតុភូតនេះថា Equinox (មកពីភាសាទ្បាតាំង
aequus មានន័យថាស្មើនឹង nox គឺរាត្រី)
ដែលមានគេប្រែសម្រួលជាភាសាជាតិថា «សមរាត្រី»
យើងក៏អាចសម្គាល់បានអំពីបាតុភូតនេះបានដែរ។ បើយើងឈរបែរមុខទៅកើតត្រង់
ក្នុងវេលាណាដែលមានព្រះអាទិត្យរះទ្បើងចំពីមុខយើងត្រង់
បន្ទាប់មកទៀតរះទ្បើងត្រង់ចំកណ្តាលក្បាលយើង ហើយធ្វើឲ្យស្រមោល
និងតួខ្លួនត្រួតស៊ីគ្នា។
ដោយគន់គូរតាមក្បួនតារាសាស្ត្រ
និងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត
ឲ្យឆ្លុះប្រៀបនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាទ្បផង
ដោយយកប្រាង្គកណ្តាលនៃអង្គរវត្តជាគោលកណ្តាល
និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។
ក្នុងរវាង១៨៩ថ្ងៃនិងបន្ត១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង។
តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់
តាមកំពូលកណ្តាលនៃអង្គរវត្ត២ដងក្នុងមួយឆ្នាំជាទៀងទាត់។
ជាក់ស្តែងនៅរាត្រីនាខែកញ្ញា ឆ្នាំ២០១៦
ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង២និង២១នាទីម៉ោងសកល
ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង៩និង២១នាទី។
ប៉ុន្តែព្រឹត្តការណ៍នៃព្រះអាទិត្យរះទ្បើងតាម
និងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត
នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣
ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមកវិញ ការរះឡើងនៃព្រះអាទិត្យតាម
និងចំលើកំពូលកណ្តាលរបស់អង្គរវត្ត
មិនមែនជារឿងចៃដន្យឬជាអព្ភូតហេតុនោះទេ
តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ៕
Kohsantepheap
No comments:
Post a Comment