Monday, September 25, 2017

​ព្រះ​វិស្ណុ

រូប​សំណាក​ព្រះ​វិស្ណុ​ដ៏​ធំ​បំផុត​​ធ្វើ​អំពី​​​សំរឹទ្ធ​​នៅ ​​​ប្រទេស​កម្ពុជា




នៅ​ឆ្នាំ ១៩៣៦ មាន​ការ​ជីក​ឃើញ​​បំណែក​រូប​សំណាក​ព្រះ​វិស្ណុ​ដ៏​ធំ​បំផុត​​ធ្វើ​អំពី​​​សំរឹទ្ធ​​នៅ ​​​ប្រទេស​កម្ពុជា ។ ការ​ជីក​នេះ​ គឺ​ដោយ​សារ​តែ​បុរស​ម្នាក់​យល់​​សប្ដិ​ឃើញ​ ព្រះ​ពុទ្ធ​បដិមា ​ដែល​កប់​នៅ​ក្រោម​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​នេះ មក​អន្ទង​​ប្រាប់​ឲ្យ​ជួយ​យក​ចេញ​ពី​ក្រោម​ដី តែ​ការ​ជីក​នេះ​បែរ​ជា​ត្រឡប់​មក​ជា​ឃើញ​ បដិមា​ព្រះ​វិស្ណុ​​ផ្ទំ​ ទៅ​វិញ ។
អ្នក​ការទូត​ចិន ជីវ តាក្វាន់ (Zhou Daguan) ក៏​បាន​ពិពណ៌នា​អំពី​រឿង​នេះ​ដែរ​ ដោយ​បាន​សរសេរ​ថា «នៅ​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​កណ្ដាល​បារាយណ៍​ខាង​កើត មាន​បដិមា​ព្រះ​ពុទ្ធ​ធំ​មួយ​ដែល​មាន​ទឹក​ហូរ​ចេញ​ពី​ផ្ចិត​មិន​ចេះ​ដាច់ ។» អ្នក​ប្រាជ្ញ​ជា​ច្រើន​ជឿ​ថា​ ជីវ តាក្វាន់ ច្រឡំ​ទាំង​រូប​រាង​បដិមា (ដោយ​សារ​ចិន​កាន់​ព្រះ​ពុទ្ធសាសនា​ដែរ ?)​ និង​ចាំ​ខុស​ទាំង​ទិស​ទី​តំបន់ ។
ជនជាតិ​ខ្មែរ​​ចាប់​ផ្ដើម​​ផលិត​ស្ពាន់​តាំង​ពី ​យុគ​ថ្ម​រំលីង? (Neolithic) ហើយ​បាន​ឡើង​ដល់​កម្រិត​កំពូល​​នៅ​សម័យ​អង្គរ (រចនាបថ​បាពួន) ។ បច្ចេកទេស​ដែល​​ត្រូវ​បាន​បន្ត​ប្រើ​ប្រាស់​ដល់​ដល់​ពេល​បច្ចុប្បន្ន​នេះ​គឺ ចាក់ពុម្ព (Fr: Cire perdue, En: Lost-wax) ។ បដិមា​ខ្លះ​មាន​បញ្ចុះ​ថ្ម​មាន​តម្លៃ​នៅ​ក្នុង​ប្រឡោះ​ភ្នែក​ដើម្បី​ធ្វើ​ឲ្យ​បដិមា​ទាំង​នេះ​កាន់​តែ​មាន​ភាព​រស់​រវើក ។ សិល្ប​បញ្ចុះ​ថ្ម​មាន​តម្លៃ​នេះ​បាន​សាយ​ភាយ​ពាស​ពេញ​អាស៊ីអាគ្នេយ៍​នៅ​ ស.វ. ទី ១១ ។
បដិមា​ព្រះ​វិស្ណុ​ផ្ទំ​នេះ​​ជា​សក្ខីភាព​នៃ​ទេពកោសល្យ​គ្មាន​ពីរ​នៃ​សិល្បករ​ខ្មែរ​បុរាណ​ក្នុង​ការ​ផលិត​​បដិមា​ធំៗ​ ពី​សំរឹទ្ធ ។ បំណែក​នេះ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ សារមន្ទីរ​ជាតិ​ នៅ​ថ្ងៃ​ទី ០១​ ធ្នូ ១៩៥០ ។
រូប​ទេពក្នុង​ឥរិយាបថ​ផ្ទំ​ចូល​ទៅ​ក្នុង​មហាសមុទ្រ​នេះ​ ត្រូវ​បាន​បញ្ជា​ឲ្យ​សាង​សង់​ដោយ​ ព្រះបាទ​ឧទ័យាទិត្យវម៌នទី ២ (1050 – 1066) ។ អ្នក​ស្រី Helen Ibbitson Jessup បាន​សរសេរ​ថា «ព្រះ​ដែល​ផ្ទំ​លើ​​ ពស់​អនន្ត ដែល​កំពុង​តែ​អណ្ដែត​នៅ​លើ​មហា​សមុទ្រ​នៅ​ក្នុង​កប្ប​មួយ … បើ​តាម​គម្ពីរ​វេទ ព្រះវិស្ណុ ពស់​អនន្ត និង មហាសមុទ្រ​ គឺ​ជា​​ធាតុ​តែ​មួយ, ជា​ផ្នែក​មួយ​នៃ​ទឹក​ដំបូង​ ដែល​ទេព​បាន​បង្កើត​ចក្រវាល​នេះ​ឡើង ។»
ព្រះ​វិស្ណុ​ គឺ​ជា​អ្នក​រក្សា​លោក ។ បដិមា​ដ៏​ធំ​​មួយ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ការ​ពារ​ក្រុង​អង្គរ ។ បដិមា​នេះ​មាន​ដៃ​បួន ដែល​បច្ចុប្បន្ន​មាន​នៅ​សល់​​តែព្រះហស្ថ​​ខាង​ស្ដាំ​ ដែល​​​ទ្រ​ព្រះសិរ ។ ជា​មួយ​នឹង​ទឹក​មុខ​មាំ និង​ព្រះសិរ​​ដែល​កើយ​លើ​ព្រះហស្ថ​​នេះ​បង្ហាញ​​អំពី​ការ​គិត​គូរ​នៃ​បដិមា​នេះ​មក​លើ​ទី​ក្រុង​អង្គរ​ទាំង​មួយ ។ បដិមា​ដ៏​វិចិត្រ​មួយ​នេះ​មាន​តុប​តែង​លម្អ​ដោយ​គ្រឿង​អលង្ការ​ដូច​ជា កង​ដៃ កង​ដើម​ដៃ ខ្សែ​ក​ធំ​​ ដែល​ជា​គ្រឿង​លម្អ​បែប​ប្រពៃណី​នៃ​សិល្ប​តុប​តែង​នៃ​ជនជាតិ​ខ្មែរ ។ ខ្សែ​ក​ធំ​នេះ​មាន​ក្បាច់​ផ្កា​ឈូក​ធំ​​មួយ​នៅ​ចំ​កណ្ដាល ឯ​នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​បន្តោង​​ផង​ដែរ ។ ប្រហោង​នៅ​ភ្នែក​ និង​នៅ​លើ​បបូរ​មាត់​បញ្ជាក់​យ៉ាង​ច្បាស់​ថា សិល្បករ​ខ្មែរ​បុរាណ​បាន​ប្រើ​ប្រាស់​ថ្ម​មាន​តម្លៃ​ដើម្បី​បញ្ចុះ​ ។
បើ​ទោះ​ជា​បដិមា​នេះ​មិន​ពេញ​លក្ខណៈ​យ៉ាង​ណា​ក្ដី បដិមា​នេះ​ក៏​បាន​បង្ហាញ​ពី​អំណាច​នៃ​ព្រះ​រាជា​នៃ​ប្រទេស​កម្ពុជា​សម័យ​អង្គរ និង​ភាព​ឥត​ខ្ចោះ​នៃ​បច្ចេកទេស​ស្ល​លោហៈ និង​ចាក់​ពុម្ព​ផង​ដែរ ។

No comments:

Post a Comment