ជីវប្រវត្តិ បិតាស្ថាបត្យករ និងវិស្វករខ្មែរ លោកតា វណ្ណ ម៉ូលីវណ្ណ 😭
លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧) ។
នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំណង់អាគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម។ កំឡុងសម័យនោះ ដែលគេស្គាល់ថាជា យុគមាស ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និងវិមានរដ្ឋ។ លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។
នៅឆ្នាំ១៩៦២ លោក មូលីវណ្ណ បានរចនាសំណង់កីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកមនុស្ស ៦០០០០ នាក់ ដែលនោះគឺជាសង្វៀនដែលគេឲ្យតម្លៃជាងគេបំផុតនៅទូទាំងអាស៊ីគ្នេយ៍។ កីឡដ្ឋានត្រូវបានសាងសង់ទៅដល់មាត្រដ្ឋានអូឡាំពិក គឺនៅតែជាកន្លែងជួបជុំដ៏ធំបំផុតនៅកម្ពុជា។ ដំបូងឡើយ ត្រូវបានសាងសង់ឡើងនៅក្នុងល្បឿនយ៉ាងលឿន ដើម្បីឲ្យទាន់ពេលធ្វើជាម្ចាស់ផ្ទះល្បែងកីឡាអាស៊ីឆ្នាំ១៩៦៣ តែក្រោយមកត្រូវបានលុបចោល ហើយត្រូវបានសម្ពោធនៅឆ្នាំ១៩៦៤ អមដោយហ្វូងមនុស្សអបអរសាទរយ៉ាងច្រើន។ ពហុកីឡដ្ឋាននេះបានទទួលព្រឹត្តិការណ៍សំខាន់មួយចំនួនដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំង ទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក ហ្សាលដឺហ៊្គោល នៅឆ្នាំ១៩៦៦។
នៅឆ្នាំ១៩៦២ ដដែលនោះ លោកក៏បានស្ថាបនាសាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាលពិព័រណ៍ដែលនៅជិតខាងជាមួយនឹងបទពិសោធន៍លំនៅដ្ឋានយ៉ាងទូលំទូលាយ។ ស្នាដៃមួយដ៏សំខាន់ទៀតរបស់លោក គឺការរចនាវិមានឯករាជ្យ ដែលជាទីដ៏សំខាន់មួយបង្ហាញនូវការទាមទារឯករាជ្យពីបារាំងវិញបានទាំងស្រុងនៅឆ្នាំ១៩៥៣ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ នរោត្តម សីហនុ ដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឆ្នាំ១៩៧០ សម័យសង្គមរាស្ត្រនិយម ត្រូវបានផ្ដួលរំលំដោយធ្វើរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅឯប្រទេសស៊្វីស។ លោកបានធ្វើការឲ្យ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ១៩៩១។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
*ស្នាដៃចំបងៗ
– សាលសន្និសីទចតុមុខ
– វិមានឯករាជ្យ
– ពហុកីឡដ្ឋានជាតិអូឡាំពិក
– សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧)
– វិមានរដ្ឋចំការមន
– សាលមហោស្រពជាតិសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ។)
– អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន
– វិទ្យាស្ថានភាសាបរទេស
*រង្វាន់និងកិត្តិយស
នៅឆ្នាំ២០១៣ លោកវណ្ណ-មូលីវណ្ណបានឈ្នះវង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌ [១]។ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ៖ ការអភិវឌ្ឍតំបន់ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ និង វប្បធម៌។
#The_Man_Who_Built_Cambodia
Thursday, September 28, 2017
ឧបករណ៏ភ្លេង
ស្រាវជ្រាវវប្បធម៌៖ តើកូនខ្មែរមានដឹងទេថា ឧបករណ៏ភ្លេងបុរាណជាតិយើងមានប៉ុន្មានប្រភេទ ? តើឧបករណ៏នីមួយៗ គេយកមកលេងក្នុងពិធីអ្វី ? តើឧបករណ៏ទាំងនោះមានប្រភពតាំងពីសម័យណា ?
ភ្លេង ជាសិល្បៈមួយប្រភេទដែលអាចបំបាត់ការអផ្សុក ឬការហត់នឿយបានមួយគ្រាដែរ ។អ្នកខ្លះនិយមស្ដាប់ភ្លេងបុរាណ ខ្លះនិយមស្ដាប់ភ្លេងសម័យ ។
នៅ ប្រទេសខ្មែរ ការប្រគំភ្លេងគឺជាការចាំបាច់សម្រាប់ញ៉ាំងបរិយាកាសក្នុងពីធី បុណ្យទាន ពិធីទំនៀមទន្លាប់ផ្សេងៗឲ្យមានសភាពលន្លង់លន្លោច រីករាយរុងរឿង ឬអឹកធឹកឡើង ។ នៅស្រុកខ្មែរ ភ្លេងដែលគេនិយមប្រើតាំងពីបុរាណមកមានច្រើនប្រភេទណាស់ ៖
១. ភ្លេងពិណពាទ្យ
គេហៅភ្លេងនេះថា ពិណពាទ្យ មកពីក្នុងក្រុមភ្លេងនេះ គេប្រើពិណចាប់ផ្ដើមមុនគេ ។ មានអ្នកខ្លះហៅភ្លេងពិណពាទ្យនេះដោយភ័នច្រឡំថាភ្លេងសៀម តាមការពិតសៀមយកពីខ្មែរយើងទៅវិញទេ ។ សៀមហៅភ្លេងពិណពាទ្យនេះថា ប៉ីពាទ្យ (ពិផាត) ដោយពីដើមគេប្រើប៉ី ឬស្រឡៃនាំមុខគេ ។ តាមលោក ឈិម ក្រសេម បានឲ្យដឹងថា ភ្លេងពិណពាទ្យនេះមានកំណើតមកពីប្រទេសឥណ្ឌាតាំងពីព្រេងនាយ ហើយត្រូវបានខ្មែរយើងកែប្រែផ្លាស់ប្ដូរថែមថយគ្រឿងភ្លេងឲ្យក្លាយ មកជារបស់ខ្មែរ ។ គេបានរៀបភ្លេងពិណពាទ្យជាពីរវង់គឺៈ ពិណពាទ្យវង់តូច (មានប្រដាប់ ៥ គ្រឿង) និងពិណពាទ្យវង់ធំ (មានប្រដាប់ ១០គ្រឿង) ។ នៅក្នុងព្រះរាជវាំងមានភ្លេងពិណពាទ្យពិសេសមួយបែបហៅថា ក្រុមមហោរីព្រះរាជទ្រព្យ (មានគ្រឿងចម្រុះច្រើនបែបយ៉ាងរហូតដល់ ១៦ គ្រឿង) ។
នៅប្រទេសខ្មែរយើង គេលេងភ្លេងពិណពាទ្យកំដររបាំបុរាណក្នុងពិធីបួងសួង (បន់ស្រន់ លាបំណន់)ពិធីក្នុងសាសនា (បុណ្យកឋិន បំបួសនាគ ផ្កាប្រាក់ ពុទ្ធាភិសេក…) និងអាចលេងក្នុងពិធីកំដរបុណ្យសព ។
២. ភ្លេងអារក្ខ
គឺភ្លេងដែលប្រគំក្នុងការបញ្ចូលខ្មោចព្រាយបិសាច អារក្ខ អ្នកតា ។ កាលណាមានមនុស្សឈឺ ហើយបើចង់ដឹងអំពីបុព្វហេតុនៃជម្ងឺ គេលែងភ្លេងអារក្ខដើម្បីបញ្ចូលខ្មោច លៀងខ្មោច ។ ក្រៅពីប្រើក្នុងការបញ្ចូលខ្មោច និងលៀងខ្មោច គេអាចប្រើក្នុងការឡើងអ្នកតាដែរ ។
តាមការស្រាវជ្រាវរបស់ក្រុមប្រជុំទំនៀមទម្លាប់ (លោក ជឹម ឈុំ) បានឲ្យដឹងថាភ្លេងអារក្ខនេះមានកំណើតមកពីក្មេងលេងបាយឡុកបាយឡ ។ មានរឿងដំណាលតៗគ្នាថា នៅក្នុងភូមិមួយមានក្មេងប្រុសស្រីជាច្រើនបានប្រជុំគ្នាលេងដោយ មានអ្នកខ្លះធ្វើជាភ្ញៀវ ខ្លះធ្វើជាកូន ហើយនាំគ្នាផឹកស៊ីស្រឹងដេកដួលស្រែកហ៊ោកញ្ជ្រៀវសប្បាយរាល់ៗថ្ងៃ ។ លុះលេងយូរទៅក៏វក់លេងទាំងយប់ទាំងថ្ងៃភ្លេចបាយទឹក ដេកពួន ឪពុកម្ដាយឃាត់យ៉ាងណាក៏ពុំស្ដាប់ ។ ដោយឃើញហេតុចម្លែកយ៉ាងនេះ ចាស់ៗក៏នឹកថាប្រហែលជាមានខ្មោចព្រាយអ្វីមកពង្វក់ចិត្តក្មេង ទាំងនេះ ហើយទើបនាំគ្នាបន់ស្រន់ឡើង ។ នៅពេលដែលគេនឹកនារកខ្លួន ពេលនោះខ្មោចក៏ឆ្លៀតឱកាសចូលមកសន្ធិតក្នុងខ្លួនក្មេងម្នាក់ភ្លាម ហើយបញ្ជាឲ្យចាស់ៗទាំងនោះរៀបសំណែនដោយមានលេងភ្លេងថ្វាយពួកគេ ផង ។ លុះបានផឹកស៊ីឆ្អែតស្កប់ស្កល់ហើយ ខ្មោចក៏ចាកចេញពីរូបក្មេងនោះទៅ ឯពួកក្មេងក៏ឈប់វក់លេងដូចមុនទៀត ។ ចាប់ពីពេលនោះមកចាស់ៗក៏មានជំនឿព្រមទាំងយកខ្មោចជាទីគោរព ទីពឹងក្នុងគ្រាមានភ័យអាសន្ន ។
៣. ភ្លេងខ្មែរ
ជាភ្លេងមង្គល ហេតុនេះហើយបានជាគេលេងតែក្នុងពិធីដែលជាមង្គល ដូចជា ពិធីបញ្ចេញម្លប់កូនស្រី ពិធីមង្គលការ ជាដើម ។ ភ្លេងខ្មែរដែលលេងក្នុងពិធីមង្គលនិមួយៗមិនត្រឹមតែញ៉ាំងឲ្យ បរិយាកាសឲ្យអឹកធឹកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសិរីសួស្ដីជ័យមង្គលថែមទៀតផង ដែលចាស់ទុំខ្លះបានប្រកាន់ជឿយ៉ាងខ្ជាប់ខ្ជួន ។ ភ្លេងខ្មែរសម្រាប់ពិធីមង្គលការមានច្រើនបទណាស់សម្រាប់កំដរក្នុង កម្មវិធីនិមួយៗ ដូចជា បទហែកូនកម្លោះចូលរោង ហែកំណត់ ស៊ីស្លាថង់រង កាត់សក់ សែនក្រុងពាលី កូនប្រុសសំពះពេលា កូនស្រីចេញផ្ទឹម ចងដៃ បង្វិលពពិល… ។
បទភ្លេងខ្មែរខ្លះមានទំនាក់ទំនងទៅនឹងរឿងព្រេងរបស់ខ្មែរ ដូចជា បទខ្ទោរ ខ្នងភ្នំ របងរមាស បន្ទាយប្រសាទ ជ្រង ជ្រងស្រងាត់ ទ្រាំង ដោះក្រាល កន្លេង លេងនៅពេលលៀងភោជនាហារថ្ងៃត្រង់ (ក្រោយពេលស៊ីស្លាកំណត់) ដោយយកតម្រាប់តាមតាដុងយាយជ័យ ដែលឲ្យអ្នកភ្លេងលេងបទទាំងនេះថ្វាយអ្នកតាព្រៃដើម្បីលាមាត់លា កគាត់កាលដែលបន់ស្រន់នៅក្នុងព្រៃ ហើយវង្វេងផ្លូវនៅពេលដែលគាត់ធ្វើដំណើរទៅរៀបការកូនស្រី ។ បទព្រះថោងនាងនាគដែលប្រើលេងនៅពេលសំពះផ្ទឹមកើតមានឡើងក្នុង រជ្ជកាលព្រះថោង (ហ៊ុន ទៀន) ដែលជាបឋមក្សត្រខ្មែរ ។ ព្រះអង្គបានរៀបអភិសេកជាមួយនឹងនាងទាវតី (លីវយី) ដែលជាបុត្រីស្ដេចភូជង្គនាគ លុះរៀបការនៅឋានមនុស្សលោករួចហើយ ស្ដេចភូជង្គនាគបាននាំព្រះថោងទៅជប់លៀងនៅឋានបាតាលម្ដងទៀត ។ ដោយព្រះថោងពុំចេះវិជ្ជាជ្រែកទឹក គេឲ្យព្រះថោងតោងកន្ទុយនាងនាគទើបអាចចុះទៅបាន ។
អាស្រ័យ ដូចមានរឿងរាវខាងលើនេះ ទើបគេនិយមលេងបទព្រះថោងនាងនាគរហូតមក ព្រមទាំងមានទំនៀមឲ្យកូនកម្លោះតោងជាយស្បៃកូនស្រីចូលក្នុង បន្ទប់ទៀតផង ។
៤. ភ្លេងឆៃយ៉ាំ
គេលេងភ្លេងឆៃយុាំតែក្នុងពិធីណាដែលជាទីរីករាយដូចជា លេងកំដរពិធីបុណ្យកឋិន បុណ្យផ្កា បំបួសនាគ ជាដើម ។ ភ្លេងឆៃយុាំគឺជាភ្លេងដែលរំភើបសប្បាយខុសប្លែកពីភ្លេងឯទៀត ។ គេមិនទាន់បានដឹងច្បាស់លាស់នូវឡើយទេអំពីកំណើតនៃភ្លេងឆៃយុាំនេះ ។
ដោយសារចង្វាក់ភ្លេងមាន លក្ខណៈលោត ភ្ញាក់ៗ អ្នកខ្លះក៏យល់ថាភ្លេងឆៃយុាំនេះទំនងជាមានកំណើតមកពីមនុស្ស ជំនាន់ដើមដែលតែងតែមានសភាពភ្ញាក់ផ្អើលក្លាចរអើលប្រៀបបាននឹង សត្វព្រៃភ្ញាក់ផ្អើលពេលឃើញមនុស្ស ។ អ្នកខ្លះទៀតយល់ថាមនុស្សនៅពេលដែលធ្វើកិច្ចការអ្វីមួយបានទទួល ជោគជ័យ តែងតែសប្បាយយ៉ាងខ្លាំងហើយក៏បង្កើតភ្លេងឆៃយុាំនេះឡើងដើម្បី រំលឹកនូវជ័យជំនះនោះ ។
៥. ភ្លេងមហោរី
ជា ភ្លេងប្រជាប្រិយដែលមានលក្ខណៈស្រាលជាងភ្លេងពិណពាទ្យ ។ គេមិននិយមលេងភ្លេងមហោរីកំដរពិធីបុណ្យទានផ្ទាល់ទេ ប៉ុន្តែគេលេងកំដរបរិយាកាសបានដែរ ។ ជាទូទៅ គេលេងភ្លេងមហោរីកំដរល្ខោនមហោរី ។
៦. ភ្លេងគងស្គរ
គឺជាភ្លេងដែលមានសភាពស្រងេះស្រងោចលន្លង់លន្លោច ហេតុនេះហើយបានជាគេលេងតែពេលមានមនុស្សស្លាប់ ឬនៅពេលធ្វើបុណ្យលើកសព ។ ភ្លេងគងស្គរនេះកើតមានឡើងក្នុងរជ្ជកាលព្រះបាទត្រសក់ផ្អែម ព្រះអង្គឲ្យអ្នកភ្លេងលេងបទនេះឡើងដើម្បីរំលឹកនូវសម្លេងសត្វយំ សព្វបែបយ៉ាងលាយឡំនឹងស្នូរខ្យល់ ភ្លៀង ផ្គររន្ទះកាលដែលព្រះអង្គធ្លាប់បានស្ដាប់ទាំងយប់ទាំងថ្ងៃពេល ដែលនៅជាម្ចាស់ចំការត្រសក់ផ្អែមនៅឡើយ ។ អ្នកខ្លះហៅភ្លេងគងស្គរថាភ្លេង ទាំមូង ឬ កន្ធ្រាំមូង ។
៧. ភ្លេងក្លងឆ្នាក់
ភ្លេងក្លងឆ្នាក់មានសភាពស្រងេះស្រងោចណាស់ គេលេងភ្លេងនេះកំដរបុណ្យសព ហែសព និងបូជាសព ។ អ្នកខ្លះហៅភ្លេងក្លងឆ្នាក់តាមសៀមថា ក្លងខែក ដែលមានន័យថា ភ្លេងស្គរជ្វា ។
៨. ភ្លេងស្គរយោល
ជាភ្លេងរបស់កងទ័ពដែលព្យួរនៅលើខ្នងដំរី ។ លុះមកដល់សម័យបច្ចុប្បន្ននេះ គេយកភ្លេងស្គរយោលសម្រាប់កំដរបុណ្យសព និងកំដរពិធីប្រដាល់ដោយសេរី (គុនខ្មែរ) ។
៩. ភ្លេងប៉ីកែវ
គឺជាភ្លេងមួយដែលឋិតនៅក្នុងក្រុមភ្លេងព្រះរាជទ្រព្យ ។ តាមសេចក្ដីរាយការណ៍របស់លោក បាន តេងគ្រូនៃក្រុមភ្លេងព្រះរាជទ្រព្យបានឲ្យដឹងថា ភ្លេងប៉ីកែវនេះគេប្រើលេងនៅពេលចាក់ទឹកដូងថ្វាយព្រះបិដរ (សែនដូនតា) នៅក្នុងព្រះរាជវាំង ។
ទ្រអ៊ូ
ទ្រនេះ មានមុខងារសំខាន់ចូលរួមប្រគំជាមួយនឹងឧបករណ៍ដទៃក្នុងវង់ភ្លេងការ បុរាណ នាដើមសតវត្សទី២០នេះ និងនៅក្នុងវង់ភ្លេងមហោរី ។ ទ្រនេះមានដំណើរសាច់បទមិនដូចទ្រដទៃឡើយ គឺសម្រាប់ជួយបន្ទរ ឬផ្ដក់ពីមុខ ពីក្រោយ ឬស៊កត្រង់កន្លែងចន្លោះៗសាច់បទរបស់ឧបករណ៍ដទៃ និងសម្រាប់ក្នុងពពួកឧបករណ៍ខាត់សាច់បទភ្លេងក្រោយពួកឧបករណ៍ដទៃ ធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនមានសម្រស់លេចធ្លោផុតពីគេឯងឡើង ។
ទ្រនេះរឹតខ្សែសំនៀងបាន២បែប ៖ កាលណាគេយកវាទៅប្រគំក្នុងវង់ភ្លេងការបុរាណ គេត្រូវរឹតខ្សែស្មើ ឬហៅរឹតចំហៀងក៏បាន (មានចន្លោះ៤) ។ ប្រសិនបើគេយកវាទៅប្រគំជាមួយឧបករណ៍ដទៃក្នុងវង់ភ្លេងមហោរី គេត្រូវរឹតសោ ឬហៅម្យ៉ាងទៀតថា រឹតភាន់ (មានចន្លោះ៥) ។
ទ្រអ៊ូចំហៀង
ទ្រអ៊ូ ចំហៀងមានមុខងារសំខាន់២យ៉ាង គឺសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ និងសំខាន់ម្យ៉ាងទៀតក្នុងវង់ភ្លេងល្ខោនយីកេបច្ចុប្បន្ន ។ នៅក្នុងវង់ភ្លេងទាំងពីរនេះ ទ្រអ៊ូចំហៀងមានតួនាទីផ្ដើមចេញបទនាំមុខឧបករណ៍ដទៃក្នុងពេលប្រគំ ម្ដងៗ ។ អ្នកចម្រៀងទាំងឡាយ និងឧបករណ៍ផ្សេងទៀត ត្រូវរង់ចាំការបើកបទរបស់ទ្រអ៊ូចំហៀងនេះជាមុនបន្ដិចសិនមុននឹង ចូលចំណុចច្រៀង ឬចំណុចចេញរបស់ខ្លួន ។ ទ្រនេះមានសំនៀងតូចស្រាលជាងទ្រអ៊ូមហោរីពាសស្បែក ។ របៀបរឹតខ្សែសំនៀងមានតែ១បែប ។
ទ្រធំ
ទ្រ ធំជាប្រភេទទ្រមួយបែបធុនធំជាងគេក្នុងចំណោមទ្រនៅកម្ពុជា ។ នៅក្នុងរវាងឆ្នាំ១៩៦០ មាននៅក្នុងរាជវាំង និងឆ្នាំ១៩៦៤ មាននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកភ្លេងបុរាណ កាលនោះពួកយើងខ្ញុំនៅជានិស្សិតនៅឡើយ បាននាំគ្នាបង្កើតទ្រធំនេះឡើងធ្វើអំពីឈើខ្នុរ ដើម្បីយកទៅចូលរួមប្រគំសាកល្បងក្នុងវង់ភ្លេងមហោរីវង់ធំ ។ ទ្រនេះមានរាងរៅដូចជាទ្រសោធំសុទ្ធសាធ តែរឹតខ្សែដូចទ្រអ៊ូមហោរីទៅវិញ ។ ទ្រនេះមានដំណើរសាច់បទអន្លាយៗមួយៗចំៗមិនបំភ្លៃទេ ។
ទ្រសោតូច
ទ្រសោ តូចមានមុខងារសំខាន់ ដូចជា ប្រើប្រាស់នៅក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ វង់ភ្លេងការសម័យទំនើប មានក្រុមល្ខោនយីកេខ្លះមិនប្រើទ្រអ៊ូចំហៀងទេ គេប្រើទ្រសោតូចជំនួសវិញ ។ ឥឡូវនេះ ប្រជាពលរដ្ឋបានយកវាទៅប្រើប្រាស់ជាមួយវង់ស្គរឆៃយ៉ាំជាបណ្ដើរហើយ នៅក្នុងវង់ភ្លេង ជួនរបាំប្រពៃណីខ្លះក៏បានយកទ្រសោតូចនេះទៅប្រើប្រាស់ដែរ ។ សព្វថ្ងៃទ្រសោតូចមានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំង ណាស់ជាងទ្រដទៃទៀត ។ នៅក្នុងវង់ភ្លេងអាយ៉ៃ និងនៅក្នុងវង់ភ្លេងការសម័យទំនើប ទ្រសោតូចមានមុខងារផ្ដើមចេញបទមុនគេបង្អស់ ។ ឧបករណ៍នេះមានរូបរាងតូច ប៉ុន្ដែមានសំនៀងខ្លាំងមានដំណើរសាច់បទញឹកចង្អៀតជាងទ្រដទៃ ។
ខ្សែសំនៀងរឹតបាន២យ៉ាង ៖ កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ភ្លេងមហោរី គេត្រូវរឹតខ្សែសំនៀងរឹតសោ ។ កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប គេត្រូវរឹតខ្សែសំនៀងរឹតស្មើ ។
ទ្រឆេអ៊ូ
ទ្រ នេះមានទំហំតូចជាងទ្រសោតូច ប៉ុន្ដែ ធំជាងទ្រឆេសោ ។ ទ្រឆេអ៊ូប្រើប្រាស់បានតែក្នុងវង់ភ្លេងមហោរីប៉ុណ្ណោះ ។ ទ្រនេះមានដំណើរសាច់បទដូចទ្រអ៊ូសុទ្ធសាធ និងរឹតខ្សែសំនៀងក៏ដូចគ្នាដែរ ។ ឥឡូវនេះស្ទើរតែបាត់បង់វត្ដមានពីក្នុងសង្គមកម្ពុជាទៅហើយ ។
ទ្រឆេសោ
ទ្រឆេ សោមានទំហំតូចជាងគេបំផុត ហើយក៏ឮខ្លាំងជាងគេដែរ ។ ទ្រនេះប្រើប្រាស់នៅក្នុងវង់ភ្លេងមហោរី និងនៅក្នុងវង់ភ្លេងល្ខោនបាសាក់ ។ នៅពេលល្ខោនបាសាក់ទើបតែមកដល់ភ្នំពេញរវាងឆ្នាំ១៩៣០ ទ្រឆេសោមានមុខងារសំខាន់ក្នុងការផ្ដើមចេញបទមុនគេ ប៉ុន្ដែមកដល់បច្ចុប្បន្នបែរជាទ្រអ៊ូចំហៀងជាអ្នកផ្ដើមបទវិញ ។
Monday, September 25, 2017
ព្រះវិស្ណុ
រូបសំណាកព្រះវិស្ណុដ៏ធំបំផុតធ្វើអំពីសំរឹទ្ធនៅ ប្រទេសកម្ពុជា
នៅឆ្នាំ ១៩៣៦ មានការជីកឃើញបំណែករូបសំណាកព្រះវិស្ណុដ៏ធំបំផុតធ្វើអំពីសំរឹទ្ធនៅ ប្រទេសកម្ពុជា ។ ការជីកនេះ គឺដោយសារតែបុរសម្នាក់យល់សប្ដិឃើញ ព្រះពុទ្ធបដិមា ដែលកប់នៅក្រោមប្រាសាទមេបុណ្យខាងលិចនេះ មកអន្ទងប្រាប់ឲ្យជួយយកចេញពីក្រោមដី តែការជីកនេះបែរជាត្រឡប់មកជាឃើញ បដិមាព្រះវិស្ណុផ្ទំ ទៅវិញ ។
អ្នកការទូតចិន ជីវ តាក្វាន់ (Zhou Daguan) ក៏បានពិពណ៌នាអំពីរឿងនេះដែរ ដោយបានសរសេរថា «នៅប្រាសាទមេបុណ្យខាងកើតកណ្ដាលបារាយណ៍ខាងកើត មានបដិមាព្រះពុទ្ធធំមួយដែលមានទឹកហូរចេញពីផ្ចិតមិនចេះដាច់ ។» អ្នកប្រាជ្ញជាច្រើនជឿថា ជីវ តាក្វាន់ ច្រឡំទាំងរូបរាងបដិមា (ដោយសារចិនកាន់ព្រះពុទ្ធសាសនាដែរ ?) និងចាំខុសទាំងទិសទីតំបន់ ។
ជនជាតិខ្មែរចាប់ផ្ដើមផលិតស្ពាន់តាំងពី យុគថ្មរំលីង? (Neolithic) ហើយបានឡើងដល់កម្រិតកំពូលនៅសម័យអង្គរ (រចនាបថបាពួន) ។ បច្ចេកទេសដែលត្រូវបានបន្តប្រើប្រាស់ដល់ដល់ពេលបច្ចុប្បន្ននេះគឺ ចាក់ពុម្ព (Fr: Cire perdue, En: Lost-wax) ។ បដិមាខ្លះមានបញ្ចុះថ្មមានតម្លៃនៅក្នុងប្រឡោះភ្នែកដើម្បីធ្វើឲ្យបដិមាទាំងនេះកាន់តែមានភាពរស់រវើក ។ សិល្បបញ្ចុះថ្មមានតម្លៃនេះបានសាយភាយពាសពេញអាស៊ីអាគ្នេយ៍នៅ ស.វ. ទី ១១ ។
បដិមាព្រះវិស្ណុផ្ទំនេះជាសក្ខីភាពនៃទេពកោសល្យគ្មានពីរនៃសិល្បករខ្មែរបុរាណក្នុងការផលិតបដិមាធំៗ ពីសំរឹទ្ធ ។ បំណែកនេះត្រូវបាននាំមករក្សាទុកនៅ សារមន្ទីរជាតិ នៅថ្ងៃទី ០១ ធ្នូ ១៩៥០ ។
រូបទេពក្នុងឥរិយាបថផ្ទំចូលទៅក្នុងមហាសមុទ្រនេះ ត្រូវបានបញ្ជាឲ្យសាងសង់ដោយ ព្រះបាទឧទ័យាទិត្យវម៌នទី ២ (1050 – 1066) ។ អ្នកស្រី Helen Ibbitson Jessup បានសរសេរថា «ព្រះដែលផ្ទំលើ ពស់អនន្ត ដែលកំពុងតែអណ្ដែតនៅលើមហាសមុទ្រនៅក្នុងកប្បមួយ … បើតាមគម្ពីរវេទ ព្រះវិស្ណុ ពស់អនន្ត និង មហាសមុទ្រ គឺជាធាតុតែមួយ, ជាផ្នែកមួយនៃទឹកដំបូង ដែលទេពបានបង្កើតចក្រវាលនេះឡើង ។»
ព្រះវិស្ណុ គឺជាអ្នករក្សាលោក ។ បដិមាដ៏ធំមួយនេះ ត្រូវបានសាងសង់ឡើងដើម្បីការពារក្រុងអង្គរ ។ បដិមានេះមានដៃបួន ដែលបច្ចុប្បន្នមាននៅសល់តែព្រះហស្ថខាងស្ដាំ ដែលទ្រព្រះសិរ ។ ជាមួយនឹងទឹកមុខមាំ និងព្រះសិរដែលកើយលើព្រះហស្ថនេះបង្ហាញអំពីការគិតគូរនៃបដិមានេះមកលើទីក្រុងអង្គរទាំងមួយ ។ បដិមាដ៏វិចិត្រមួយនេះមានតុបតែងលម្អដោយគ្រឿងអលង្ការដូចជា កងដៃ កងដើមដៃ ខ្សែកធំ ដែលជាគ្រឿងលម្អបែបប្រពៃណីនៃសិល្បតុបតែងនៃជនជាតិខ្មែរ ។ ខ្សែកធំនេះមានក្បាច់ផ្កាឈូកធំមួយនៅចំកណ្ដាល ឯនៅផ្នែកខាងក្រោយក៏មានបន្តោងផងដែរ ។ ប្រហោងនៅភ្នែក និងនៅលើបបូរមាត់បញ្ជាក់យ៉ាងច្បាស់ថា សិល្បករខ្មែរបុរាណបានប្រើប្រាស់ថ្មមានតម្លៃដើម្បីបញ្ចុះ ។
បើទោះជាបដិមានេះមិនពេញលក្ខណៈយ៉ាងណាក្ដី បដិមានេះក៏បានបង្ហាញពីអំណាចនៃព្រះរាជានៃប្រទេសកម្ពុជាសម័យអង្គរ និងភាពឥតខ្ចោះនៃបច្ចេកទេសស្លលោហៈ និងចាក់ពុម្ពផងដែរ ។
Subscribe to:
Posts (Atom)