Thursday, September 28, 2017

ឧ​បករ​ណ៏​ភ្លេង


ស្រាវជ្រាវ​វប្បធម៌​៖ តើ​កូន​ខ្មែរ​មាន​ដឹង​ទេ​ថា ឧ​បករ​ណ៏​ភ្លេងបុរាណ​ជាតិ​យើង​មាន​ប៉ុន្មាន​ប្រភេទ ? តើ​ឧ​បករ​ណ៏​នីមួយៗ គេ​យកមក​លេង​ក្នុង​ពិធី​អ្វី ? តើ​ឧ​បករ​ណ៏​ទាំងនោះ​មាន​ប្រភព​តាំងពី​សម័យ​ណា ?
ភ្លេង ជាសិល្បៈ​មួយ​ប្រភេទ​ដែល​អាច​បំបាត់​ការ​អផ្សុក ឬ​ការ​ហត់នឿយ​បាន​មួយគ្រា​ដែរ ។អ្នកខ្លះ​និយម​ស្ដាប់​ភ្លេងបុរាណ ខ្លះ​និយម​ស្ដាប់​ភ្លេងសម័យ ។​
​នៅ ប្រទេស​ខ្មែរ ការប្រគំ​ភ្លេង​គឺជា​ការចាំបាច់​សម្រាប់​ញ៉ាំង​បរិយាកាស​ក្នុង​ពី​ធី បុណ្យទាន ពិធី​ទំនៀម​ទន្លាប់​ផ្សេងៗ​ឲ្យ​មាន​សភាព​លន្លង់លន្លោច រីករាយ​រុងរឿង ឬ​អឹកធឹក​ឡើង ។ នៅ​ស្រុក​ខ្មែរ ភ្លេង​ដែល​គេ​និយម​ប្រើ​តាំងពី​បុរាណ​មក​មាន​ច្រើន​ប្រភេទ​ណាស់ ៖
១. ភ្លេងពិណពាទ្យ​
​គេ​ហៅ​ភ្លេង​នេះ​ថា ពិណពាទ្យ មកពី​ក្នុង​ក្រុម​ភ្លេង​នេះ គេ​ប្រើ​ពិណ​ចាប់ផ្ដើម​មុនគេ ។ មាន​អ្នកខ្លះ​ហៅ​ភ្លេងពិណពាទ្យ​នេះ​ដោយ​ភ័នច្រឡំ​ថា​ភ្លេង​សៀម តាម​ការពិត​សៀម​យក​ពី​ខ្មែរ​យើង​ទៅវិញ​ទេ ។ សៀម​ហៅ​ភ្លេងពិណពាទ្យ​នេះ​ថា ប៉ី​ពាទ្យ (​ពិផាត​) ដោយ​ពី​ដើម​គេ​ប្រើ​ប៉ី ឬ​ស្រឡៃ​នាំមុខគេ ។ តាម​លោក ឈិ​ម ក្រ​សេម បាន​ឲ្យ​ដឹងថា ភ្លេងពិណពាទ្យ​នេះ​មានកំណើត​មកពី​ប្រទេស​ឥណ្ឌា​តាំងពី​ព្រេងនាយ ហើយ​ត្រូវបាន​ខ្មែរ​យើង​កែប្រែ​ផ្លាស់ប្ដូរ​ថែមថយ​គ្រឿង​ភ្លេង​ឲ្យ​ក្លាយ មកជា​របស់​ខ្មែរ ។ គេ​បាន​រៀប​ភ្លេងពិណពាទ្យ​ជា​ពីរ​វង់​គឺៈ ពិណពាទ្យ​វង់​តូច (​មាន​ប្រដាប់ ៥ គ្រឿង​) និង​ពិណពាទ្យ​វង់​ធំ (​មាន​ប្រដាប់ ១០​គ្រឿង​) ។ នៅក្នុង​ព្រះរាជវាំង​មាន​ភ្លេងពិណពាទ្យ​ពិសេស​មួយបែប​ហៅថា ក្រុម​មហោរី​ព្រះរាជ​ទ្រព្យ (​មាន​គ្រឿង​ចម្រុះ​ច្រើន​បែបយ៉ាង​រហូតដល់ ១៦ គ្រឿង​) ។​
​នៅ​ប្រទេស​ខ្មែរ​យើង គេ​លេងភ្លេង​ពិណពាទ្យ​កំដរ​របាំ​បុរាណ​ក្នុង​ពិធីបួងសួង (​បន់ស្រន់ លាបំណន់​)​ពិធី​ក្នុង​សាសនា (​បុណ្យកឋិន បំបួស​នាគ ផ្កាប្រាក់ ពុទ្ធា​ភិ​សេក​…) និង​អាច​លេង​ក្នុង​ពិធី​កំដរ​បុណ្យសព ។​
២. ភ្លេង​អារក្ខ​
​គឺ​ភ្លេង​ដែល​ប្រគំ​ក្នុងការ​បញ្ចូល​ខ្មោច​ព្រាយ​បិសាច អារក្ខ អ្នកតា ។ កាលណា​មាន​មនុស្ស​ឈឺ ហើយ​បើ​ចង់ដឹង​អំពី​បុព្វហេតុ​នៃ​ជម្ងឺ គេ​លែង​ភ្លេង​អារក្ខ​ដើម្បី​បញ្ចូល​ខ្មោច លៀង​ខ្មោច ។ ក្រៅពី​ប្រើ​ក្នុងការ​បញ្ចូល​ខ្មោច និង​លៀង​ខ្មោច គេ​អាច​ប្រើ​ក្នុងការ​ឡើងអ្នកតា​ដែរ ។​
​តាម​ការស្រាវជ្រាវ​រប​ស់​ក្រុម​ប្រជុំ​ទំនៀមទម្លាប់ (​លោក ជឹម ឈុំ​) បាន​ឲ្យ​ដឹងថា​ភ្លេង​អារក្ខ​នេះ​មានកំណើត​មកពី​ក្មេង​លេង​បាយឡុកបាយឡ ។ មានរឿង​ដំណាល​តៗ​គ្នា​ថា នៅក្នុង​ភូមិ​មួយ​មាន​ក្មេងប្រុស​ស្រី​ជាច្រើន​បាន​ប្រជុំគ្នា​លេង​ដោយ មាន​អ្នកខ្លះ​ធ្វើជា​ភ្ញៀវ ខ្លះ​ធ្វើជា​កូន ហើយ​នាំគ្នា​ផឹកស៊ី​ស្រឹង​ដេក​ដួល​ស្រែក​ហ៊ោកញ្ជ្រៀវ​សប្បាយ​រាល់ៗ​ថ្ងៃ ។ លុះ​លេង​យូរ​ទៅ​ក៏​វក់​លេង​ទាំងយប់​ទាំង​ថ្ងៃ​ភ្លេច​បាយទឹក ដេក​ពួន ឪពុកម្ដាយ​ឃាត់​យ៉ាងណា​ក៏​ពុំ​ស្ដាប់ ។ ដោយ​ឃើញ​ហេតុ​ចម្លែក​យ៉ាងនេះ ចាស់ៗ​ក៏​នឹកថា​ប្រហែល​ជាមាន​ខ្មោច​ព្រាយ​អ្វី​មក​ពង្វក់​ចិត្ត​ក្មេង ទាំងនេះ ហើយ​ទើប​នាំគ្នា​បន់ស្រន់​ឡើង ។ នៅពេលដែល​គេ​នឹកនា​រក​ខ្លួន ពេលនោះ​ខ្មោច​ក៏​ឆ្លៀតឱកាស​ចូលមក​សន្ធិ​ត​ក្នុង​ខ្លួន​ក្មេង​ម្នាក់​ភ្លាម ហើយ​បញ្ជា​ឲ្យ​ចាស់ៗ​ទាំងនោះ​រៀប​សំណែន​ដោយមាន​លេងភ្លេង​ថ្វាយ​ពួកគេ ផង ។ លុះ​បាន​ផឹកស៊ី​ឆ្អែត​ស្កប់ស្កល់​ហើយ ខ្មោច​ក៏​ចាក​ចេញពី​រូប​ក្មេង​នោះ​ទៅ ឯ​ពួកក្មេង​ក៏​ឈប់​វក់​លេង​ដូច​មុន​ទៀត ។ ចាប់ពីពេលនោះ​មក​ចាស់ៗ​ក៏មាន​ជំនឿ​ព្រមទាំង​យក​ខ្មោច​ជាទីគោរព ទីពឹង​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន ។​
៣. ភ្លេងខ្មែរ​
​ជា​ភ្លេង​មង្គល ហេតុនេះហើយ​បានជា​គេ​លេង​តែ​ក្នុង​ពិធី​ដែលជា​មង្គល ដូចជា ពិធី​បញ្ចេញ​ម្លប់​កូនស្រី ពិធីមង្គលការ ជាដើម ។ ភ្លេងខ្មែរ​ដែល​លេង​ក្នុង​ពិធី​មង្គល​និ​មួយៗ​មិន​ត្រឹមតែ​ញ៉ាំង​ឲ្យ បរិយាកាស​ឲ្យ​អឹកធឹក​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំមក​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​ថែម​ទៀតផង ដែល​ចាស់ទុំ​ខ្លះ​បាន​ប្រកាន់​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន ។ ភ្លេងខ្មែរ​សម្រាប់​ពិធីមង្គលការ​មាន​ច្រើន​បទ​ណាស់​សម្រាប់​កំដរ​ក្នុង កម្មវិធី​និ​មួយៗ ដូចជា បទ​ហែ​កូន​ក​ម្លោះ​ចូល​រោង ហែ​កំណត់ ស៊ី​ស្លា​ថង់រង កាត់សក់ សែន​ក្រុង​ពាលី កូនប្រុស​សំពះ​ពេលា កូនស្រី​ចេញ​ផ្ទឹម ចងដៃ បង្វិលពពិល​… ។​
​បទ​ភ្លេងខ្មែរ​ខ្លះ​មាន​ទំនាក់ទំនង​ទៅនឹង​រឿងព្រេង​របស់​ខ្មែរ ដូចជា បទ​ខ្ទោ​រ ខ្នងភ្នំ របង​រមាស បន្ទាយ​ប្រសាទ ជ្រង ជ្រង​ស្រងាត់ ទ្រាំង ដោះ​ក្រាល កន្លេង លេង​នៅពេល​លៀង​ភោជនាហារ​ថ្ងៃត្រង់ (​ក្រោយពេល​ស៊ី​ស្លា​កំណត់​) ដោយ​យកតម្រាប់​តាម​តា​ដុង​យាយ​ជ័យ ដែល​ឲ្យ​អ្នកភ្លេង​លេង​បទ​ទាំងនេះ​ថ្វាយ​អ្នកតា​ព្រៃ​ដើម្បី​លា​មាត់​លា ក​គាត់​កាលដែល​បន់ស្រន់​នៅក្នុង​ព្រៃ ហើយ​វង្វេងផ្លូវ​នៅពេលដែល​គាត់​ធ្វើដំណើរ​ទៅ​រៀបការ​កូនស្រី ។ បទ​ព្រះថោង​នាងនាគ​ដែល​ប្រើ​លេង​នៅពេល​សំពះ​ផ្ទឹម​កើតមានឡើង​ក្នុង រជ្ជកាល​ព្រះថោង (​ហ៊ុន ទៀន​) ដែល​ជាបឋម​ក្សត្រ​ខ្មែរ ។ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយនឹង​នាង​ទាវ​តី (​លីវយី​) ដែលជា​បុត្រី​ស្ដេច​ភូ​ជ​ង្គ​នាគ លុះ​រៀបការ​នៅ​ឋាន​មនុស្សលោក​រួចហើយ ស្ដេច​ភូ​ជ​ង្គ​នាគ​បាន​នាំ​ព្រះថោង​ទៅ​ជប់លៀង​នៅ​ឋាន​បាតាល​ម្ដងទៀត ។ ដោយ​ព្រះថោង​ពុំ​ចេះ​វិជ្ជា​ជ្រែក​ទឹក គេ​ឲ្យ​ព្រះថោង​តោង​កន្ទុយ​នាងនាគ​ទើប​អាច​ចុះ​ទៅបាន ។​
​អាស្រ័យ ដូច​មានរឿង​រាវ​ខាងលើនេះ ទើប​គេ​និយម​លេង​បទ​ព្រះថោង​នាងនាគ​រហូតមក ព្រមទាំង​មាន​ទំនៀម​ឲ្យ​កូន​ក​ម្លោះ​តោង​ជាយ​ស្បៃ​កូនស្រី​ចូលក្នុង បន្ទប់​ទៀតផង ។​
៤. ភ្លេង​ឆៃយ៉ាំ​
​គេ​លេងភ្លេង​ឆៃ​យុ​ាំ​តែ​ក្នុង​ពិធី​ណា​ដែល​ជាទី​រីករាយ​ដូចជា លេង​កំដរ​ពិធីបុណ្យ​កឋិន បុណ្យផ្កា បំបួស​នាគ ជាដើម ។ ភ្លេង​ឆៃ​យុ​ាំ​គឺជា​ភ្លេង​ដែល​រំភើប​សប្បាយ​ខុសប្លែក​ពី​ភ្លេង​ឯទៀត ។ គេ​មិនទាន់​បានដឹង​ច្បាស់លាស់​នូវឡើយ​ទេ​អំពី​កំណើត​នៃ​ភ្លេង​ឆៃ​យុ​ាំ​នេះ ។​
​ដោយសារ​ចង្វាក់ភ្លេង​មាន លក្ខណៈ​លោត ភ្ញាក់ៗ អ្នកខ្លះ​ក៏​យល់ថា​ភ្លេង​ឆៃ​យុ​ាំ​នេះ​ទំនងជា​មានកំណើត​មក​ពី​មនុស្ស ជំនាន់​ដើម​ដែល​តែងតែមាន​សភាព​ភ្ញាក់ផ្អើល​ក្លាច​រអើល​ប្រៀបបាន​នឹង សត្វព្រៃ​ភ្ញាក់ផ្អើល​ពេល​ឃើញ​មនុស្ស ។ អ្នក​ខ្លះទៀត​យល់ថា​មនុស្ស​នៅពេលដែល​ធ្វើ​កិច្ចការ​អ្វីមួយ​បានទទួល ជោគជ័យ តែងតែ​សប្បាយ​យ៉ាងខ្លាំង​ហើយក៏​បង្កើត​ភ្លេង​ឆៃ​យុ​ាំ​នេះ​ឡើង​ដើម្បី រំលឹក​នូវ​ជ័យជំនះ​នោះ ។​
៥. ភ្លេង​មហោរី​
​ជា ភ្លេង​ប្រជាប្រិយ​ដែលមាន​លក្ខណៈ​ស្រាល​ជាង​ភ្លេងពិណពាទ្យ ។ គេ​មិន​និយម​លេងភ្លេង​មហោរី​កំដរ​ពិធី​បុណ្យទាន​ផ្ទាល់​ទេ ប៉ុន្តែ​គេ​លេង​កំដរ​បរិយាកាស​បានដែ​រ ។ ជាទូទៅ គេ​លេងភ្លេង​មហោរី​កំដរ​ល្ខោន​មហោរី ។​
៦. ភ្លេង​គង​ស្គរ​
​គឺជា​ភ្លេង​ដែលមាន​សភាព​ស្រងេះស្រងោច​លន្លង់លន្លោច ហេតុនេះហើយ​បានជា​គេ​លេង​តែ​ពេល​មាន​មនុស្ស​ស្លាប់ ឬ​នៅពេល​ធ្វើបុណ្យ​លើកសព ។ ភ្លេង​គង​ស្គរ​នេះ​កើតមានឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ត្រសក់ផ្អែម ព្រះអង្គ​ឲ្យ​អ្នកភ្លេង​លេង​បទ​នេះ​ឡើង​ដើម្បី​រំលឹក​នូវ​សម្លេង​សត្វ​យំ សព្វបែបយ៉ាង​លាយឡំ​នឹង​ស្នូរ​ខ្យល់ ភ្លៀង ផ្គរ​រន្ទះ​កាលដែល​ព្រះអង្គ​ធ្លាប់បាន​ស្ដាប់​ទាំងយប់​ទាំង​ថ្ងៃ​ពេល ដែល​នៅ​ជា​ម្ចាស់​ចំការ​ត្រសក់ផ្អែម​នៅឡើយ ។ អ្នកខ្លះ​ហៅ​ភ្លេង​គង​ស្គរ​ថា​ភ្លេង ទាំ​មូង ឬ ក​ន្ធ្រាំ​មូង ។​
៧. ភ្លេង​ក្លង​ឆ្នាក់​
​ភ្លេង​ក្លង​ឆ្នាក់​មាន​សភាព​ស្រងេះស្រងោច​ណាស់ គេ​លេងភ្លេង​នេះ​កំដរ​បុណ្យសព ហែសព និង​បូជាសព ។ អ្នកខ្លះ​ហៅ​ភ្លេង​ក្លង​ឆ្នាក់​តាម​សៀម​ថា ក្លងខែក ដែល​មានន័យថា ភ្លេង​ស្គរ​ជ្វា ។​
៨. ភ្លេង​ស្គរ​យោល​
​ជា​ភ្លេង​របស់​កងទ័ព​ដែល​ព្យួរ​នៅលើ​ខ្នង​ដំរី ។ លុះ​មកដល់​សម័យ​បច្ចុប្បន្ននេះ គេ​យក​ភ្លេង​ស្គរ​យោល​សម្រាប់​កំដរ​បុណ្យសព និង​កំដរ​ពិធី​ប្រដាល់​ដោយ​សេរី (​គុន​ខ្មែរ​) ។​
៩. ភ្លេង​ប៉ីកែវ​
​គឺជា​ភ្លេង​មួយ​ដែល​ឋិត​នៅក្នុង​ក្រុម​ភ្លេង​ព្រះរាជ​ទ្រព្យ ។ តាម​សេចក្ដីរាយការណ៍​របស់​លោក បាន តេង​គ្រូ​នៃ​ក្រុម​ភ្លេង​ព្រះរាជ​ទ្រព្យ​បាន​ឲ្យ​ដឹងថា ភ្លេង​ប៉ីកែវ​នេះ​គេ​ប្រើ​លេង​នៅពេល​ចាក់ទឹកដូង​ថ្វាយ​ព្រះ​បិដរ (​សែនដូនតា​) នៅក្នុង​ព្រះរាជវាំង ។​
​ទ្រអ៊ូ​
​ទ្រនេះ មាន​មុខងារ​សំខាន់​ចូលរួម​ប្រគំ​ជាមួយនឹង​ឧបករណ៍​ដទៃ​ក្នុង​វង់ភ្លេង​ការ បុរាណ នា​ដើម​សតវត្ស​ទី​២០​នេះ និង​នៅក្នុង​វង់ភ្លេង​មហោរី ។ ទ្រនេះ​មានដំណើរ​សាច់​បទ​មិន​ដូច​ទ្រ​ដទៃ​ឡើយ គឺ​សម្រាប់​ជួយ​បន្ទរ ឬ​ផ្ដក់​ពីមុខ ពីក្រោយ ឬ​ស៊ក​ត្រង់​កន្លែង​ចន្លោះៗ​សាច់​បទ​របស់​ឧបករណ៍​ដទៃ និង​សម្រាប់​ក្នុង​ពពួក​ឧបករណ៍​ខាត់​សាច់​បទ​ភ្លេង​ក្រោយ​ពួក​ឧបករណ៍​ដទៃ ធ្វើយ៉ាងណា​ឱ្យ​សំនៀង​របស់ខ្លួន​មាន​សម្រស់​លេចធ្លោ​ផុតពី​គេឯង​ឡើង ។​
​ទ្រនេះ​រឹតខ្សែ​សំនៀង​បាន​២​បែប ៖ កាលណា​គេ​យក​វា​ទៅ​ប្រគំ​ក្នុង​វង់ភ្លេង​ការ​បុរាណ គេ​ត្រូវ​រឹតខ្សែ​ស្មើ ឬ​ហៅ​រឹត​ចំហៀង​ក៏បាន (​មាន​ចន្លោះ​៤) ។ ប្រសិនបើ​គេ​យក​វា​ទៅ​ប្រគំ​ជាមួយ​ឧបករណ៍​ដទៃ​ក្នុង​វង់ភ្លេង​មហោរី គេ​ត្រូវ​រឹត​សោ ឬ​ហៅ​ម្យ៉ាង​ទៀតថា រឹត​ភាន់ (​មាន​ចន្លោះ​៥) ។​
​ទ្រអ៊ូ​ចំហៀង​
​ទ្រអ៊ូ ចំហៀង​មានមុខ​ងារ​សំខាន់​២​យ៉ាង គឺ​សំខាន់​ក្នុង​វង់ភ្លេង​ល្ខោនបាសាក់ និង​សំខាន់​ម្យ៉ាងទៀត​ក្នុង​វង់ភ្លេង​ល្ខោន​យីកេ​បច្ចុប្បន្ន ។ នៅក្នុង​វង់ភ្លេង​ទាំងពីរ​នេះ ទ្រអ៊ូ​ចំហៀង​មាន​តួនាទី​ផ្ដើមចេញ​បទ​នាំមុខ​ឧបករណ៍​ដទៃ​ក្នុងពេល​ប្រគំ ម្ដងៗ ។ អ្នកចម្រៀង​ទាំងឡាយ និង​ឧបករណ៍​ផ្សេងទៀត ត្រូវ​រង់ចាំ​ការបើក​បទ​របស់​ទ្រអ៊ូ​ចំហៀង​នេះ​ជាមុន​បន្ដិច​សិន​មុននឹង ចូល​ចំណុច​ច្រៀង ឬ​ចំណុច​ចេញ​របស់ខ្លួន ។ ទ្រនេះ​មានសំនៀង​តូច​ស្រាល​ជាង​ទ្រអ៊ូ​មហោរី​ពាស​ស្បែក ។ របៀប​រឹតខ្សែ​សំនៀង​មានតែ​១​បែប ។​
​ទ្រ​ធំ​
​ទ្រ ធំ​ជា​ប្រភេទ​ទ្រ​មួយបែប​ធុន​ធំជាងគេ​ក្នុងចំណោម​ទ្រ​នៅ​កម្ពុជា ។ នៅក្នុង​រវាង​ឆ្នាំ​១៩៦០ មាននៅ​ក្នុង​រាជវាំង និង​ឆ្នាំ​១៩៦៤ មាននៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ផ្នែក​ភ្លេងបុរាណ កាលនោះ​ពួកយើងខ្ញុំ​នៅ​ជា​និស្សិត​នៅឡើយ បាននាំគ្នា​បង្កើត​ទ្រ​ធំ​នេះ​ឡើង​ធ្វើ​អំពី​ឈើ​ខ្នុរ ដើម្បី​យកទៅ​ចូលរួម​ប្រគំ​សាកល្បង​ក្នុង​វង់ភ្លេង​មហោរី​វង់​ធំ ។ ទ្រនេះ​មាន​រាងរៅ​ដូចជា​ទ្រសោ​ធំ​សុទ្ធសាធ តែ​រឹតខ្សែ​ដូច​ទ្រអ៊ូ​មហោរី​ទៅវិញ ។ ទ្រនេះ​មានដំណើរ​សាច់​បទ​អន្លាយៗ​មួយៗ​ចំៗ​មិន​បំភ្លៃ​ទេ ។​
​ទ្រសោ​តូច​
​ទ្រសោ តូច​មាន​មុខងារ​សំខាន់ ដូចជា ប្រើប្រាស់​នៅក្នុង​វង់ភ្លេង​មហោរី វង់ភ្លេង​អា​យ៉ៃ វង់ភ្លេង​ការ​សម័យ​ទំនើប មាន​ក្រុម​ល្ខោន​យីកេ​ខ្លះ​មិន​ប្រើ​ទ្រអ៊ូ​ចំហៀង​ទេ គេ​ប្រើ​ទ្រសោ​តូច​ជំនួស​វិញ ។ ឥឡូវនេះ ប្រជាពលរដ្ឋ​បាន​យក​វា​ទៅប្រើ​ប្រាស់​ជាមួយ​វង់​ស្គរ​ឆៃយ៉ាំ​ជា​បណ្ដើរ​ហើយ នៅក្នុង​វង់ភ្លេង ជួន​របាំ​ប្រពៃណី​ខ្លះ​ក៏បាន​យក​ទ្រសោ​តូច​នេះ​ទៅប្រើ​ប្រាស់​ដែរ ។ សព្វថ្ងៃ​ទ្រសោ​តូច​មាន​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្លាំង ណាស់​ជាង​ទ្រ​ដទៃទៀត ។ នៅក្នុង​វង់ភ្លេង​អា​យ៉ៃ និង​នៅក្នុង​វង់ភ្លេង​ការ​សម័យ​ទំនើប ទ្រសោ​តូច​មាន​មុខងារ​ផ្ដើមចេញ​បទ​មុនគេ​បង្អស់ ។ ឧបករណ៍​នេះ​មាន​រូបរាង​តូច ប៉ុន្ដែ​មានសំនៀង​ខ្លាំង​មានដំណើរ​សាច់​បទ​ញឹក​ចង្អៀត​ជាង​ទ្រ​ដទៃ ។​
​ខ្សែ​សំនៀង​រឹត​បាន​២​យ៉ាង ៖ កាលណា​គេ​យក​វា​ទៅប្រើ​ប្រាស់​ក្នុង​វង់ភ្លេង​មហោរី គេ​ត្រូវ​រឹតខ្សែ​សំនៀង​រឹត​សោ ។ កាលណា​គេ​យក​វា​ទៅប្រើ​ប្រាស់​ក្នុង​វង់ភ្លេង​ការ​សម័យ​ទំនើប គេ​ត្រូវ​រឹតខ្សែ​សំនៀង​រឹត​ស្មើ ។​
​ទ្រឆេ​អ៊ូ​
​ទ្រ នេះ​មាន​ទំហំ​តូច​ជាង​ទ្រសោ​តូច ប៉ុន្ដែ ធំ​ជាង​ទ្រឆេ​សោ ។ ទ្រឆេ​អ៊ូ​ប្រើប្រាស់​បានតែ​ក្នុង​វង់ភ្លេង​មហោរី​ប៉ុណ្ណោះ ។ ទ្រនេះ​មានដំណើរ​សាច់​បទ​ដូច​ទ្រអ៊ូ​សុទ្ធសាធ និង​រឹតខ្សែ​សំនៀង​ក៏​ដូចគ្នា​ដែរ ។ ឥឡូវនេះ​ស្ទើរតែ​បាត់បង់​វត្ដ​មាន​ពី​ក្នុងសង្គម​កម្ពុជា​ទៅហើយ ។​
​ទ្រឆេ​សោ​
​ទ្រឆេ សោមាន​ទំហំ​តូច​ជាងគេ​បំផុត ហើយក៏​ឮ​ខ្លាំងជាងគេ​ដែរ ។ ទ្រនេះ​ប្រើប្រាស់​នៅក្នុង​វង់ភ្លេង​មហោរី និង​នៅក្នុង​វង់ភ្លេង​ល្ខោនបាសាក់ ។ នៅពេល​ល្ខោនបាសាក់​ទើបតែ​មកដល់​ភ្នំពេញ​រវាង​ឆ្នាំ​១៩៣០ ទ្រឆេ​សោមាន​មុខងារ​សំខាន់​ក្នុងការ​ផ្ដើមចេញ​បទ​មុនគេ ប៉ុន្ដែ​មកដល់​បច្ចុប្បន្ន​បែរជា​ទ្រអ៊ូ​ចំហៀង​ជា​អ្នក​ផ្ដើម​បទ​វិញ ។​

No comments:

Post a Comment